徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនធ្វើសន្និសីទសារព័ត៌មានជាតិនិងអន្តរជាតិជុំវិញលោកលីខឺឈាង នាយករដ្ឋមន្ត្រីចិននឹងធ្វើទស្សនកិច្ចនៅសិង្ហបុរីព្រមទាំងចូលរួមសន្និសីទមេដឹកនាំមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា

2018-11-09 10:59:01 cri

   

    ថ្ងៃទី ៨ ខែវិច្ឆិកា ក្រសួង​ការបរទេសចិន​បានធ្វើ​សន្និសីទ​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ជុំវិញ​លោក​លីខឺឈាង នាយករដ្ឋមន្ត្រីចិន​នឹងធ្វើទស្សនកិច្ច​នៅសិង្ហបុរី​ព្រមទាំង​ចូលរួម​សន្និសីទ​មេដឹកនាំ​មួយចំនួន​ស្តីពី​កិច្ចសហប្រតិបត្តិការ​អាស៊ីបូព៌ា លោក​Chen Xiaodong ជំនួយការ​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ឧទ្ទេសនាម​សភាពការណ៍​មានពាក់ព័ន្ធ ។

    លោក​Chen Xiaodong បានថ្លែងថា តបតាម​សេចក្តី​អញ្ជើញ​របស់​លោក​លីស៊ានឡុង នាយករដ្ឋមន្ត្រី​សិង្ហបុរី លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិន​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សិង្ហបុរី​ពី​ថ្ងៃទី ១២ ដល់ ថ្ងៃទី ១៦ ខែវិច្ឆិកា ព្រមទាំង​នឹង​ចូលរួម​សន្និសីទ​មេដឹកនាំ​ចិននិង​អាស៊ាន​លើកទី ២១ សន្និសីទ​មេដឹកនាំ​អាស៊ាន-ចិន ជប៉ុននិង​កូរ៉េខាងត្បូង​លើកទី ២១ និង​សន្និសីទកំពូល​អាស៊ីបូព៌ា​លើកទី ១៣ ។

    លោក​Chen Xiaodong បានថ្លែងថា ប្រឈមនឹង​ឯកតោភាគីនិយម​និង​ការការពារនិយម ប្រទេស​ក្នុងតំបន់​បាន​ខិតខំប្រឹងប្រែង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់ ស្ថានការណ៍​នៅ​សមុទ្រ​ចិនខាងត្បូង​បានឈាន​ទៅរក​ភាពនឹងនរ​និង​ភាពបន្ធូរបន្ថយ ។ ភាគីចិន​រំពឹងថា សន្និសីទ​មួយចំនួន​នាឆ្នាំនេះ​នឹងផ្តោតលើ​កិច្ចសហប្រតិបត្តិការ រួមគ្នា​គាំពារ​ពហុភាគីនិយម គាំពារ​ពាណិជ្ជកម្ម​សេរី​និង​គាំពារ​ច្បាប់​អន្តរជាតិ ។

    ចំពោះ​សន្និសីទ​មេដឹកនាំ​ចិននិង​អាស៊ាន​លើកទី ២១ លោក​Chen Xiaodong បានថ្លែងថា ភាគីចិន​រង់ចាំ​ការប្រកាសនូវ​ចក្ខុវិស័យ​ឆ្នាំ ២០៣០ ស្តីពីទំនាក់ទំនង​ដៃគូ​ជាយុទ្ធសាស្ត្រ​រវាង​ចិននិង​អាស៊ាន និង​រីករាយ​ជំរុញ​ការតភ្ជាប់គ្នា​រវាង​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ជាមួយនិង​គម្រោង​អភិវឌ្ឍ​នៃអាស៊ាន ដើម្បី​សម្រេចនូវ​ការផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស