郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការដែលអាមេរិកដំឡើងលំដាប់ថ្នាក់នៃសង្គ្រាមពាណិជ្ជកម្មគឺគ្មានប្រយោជន៍អ្វីសម្រាប់ដោះស្រាយបញ្ហាទេ

2018-09-19 11:32:52 cri

   ដោយ​មិន​អើពើ​នឹង​មតិ​ប្រឆាំង​ដ៏​ច្រើន​លើស​លប់ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ប្រទេស​អាមេរិកបាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៧​ខែ​កញ្ញាថា នឹងដំឡើង​ពន្ធ​គយ​១០ភាគ​រយ​ចំពោះ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន​ក្នុង​តម្លៃ​ប្រមាណ​២សែន​លាន​ដុល្លារអាមេរិក​ចាប់​ពី​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៨​ត​ទៅ ក្រៅ​ពី​នេះ នឹង​ចាត់​វិធានការ​ដំឡើង​លំដាប់​ថ្នាក់​នៃ​ពន្ធគយ​ផ្សេង​ទៀត។អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កញ្ញា ដោយ​សម្តែង​ពី​ការ​សោក​ស្តាយខ្លាំង​ចំពោះ​ទង្វើ​របស់​អាមេរិក​។ដើម្បី​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន​និង​របៀប​រៀបរយ​ពាណិជ្ជកម្ម​សេរី​របស់​ពិភព​លោក​ទាំង​មូល ប្រទេស​ចិន​ត្រូវ​បង្ខិត​ចិត្ត​ឲ្យ​ចាត់​វិធានការ​តប​តវិញ​ក្នុង​ពេល​ដំណាល​គ្នា​ដោយ​ខាន​ពុំ​បាន។

      អាមេរិក​ធ្វើ​ការ​សម្រេចចិត្ត​ដោយ​ខ្វះ​វិចារណាណ​​យ៉ាង​នេះ បាន​បណ្តាល​ឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​រ​វាង​ចិន​និង​អាមេរិក​កាន់​តែ​ឡើង​កម្តៅ​ថែម​ទៀត​ ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​មុន​ ប្រទេស​អាមេរិក​បាន​ផ្ញើ​សារ​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ស្នើ​ឲ្យ​រៀប​ចំ​​ការ​ពិគ្រោះ​ពិភាក្សា​ជុំ​ថ្មី​ស្តីពី​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ប្រទេស​ចិន​បាន​បង្ហាញ​ពី​ការ​ស្វាគមន៍​របស់​ខ្លួន​ ហើយ​ទីផ្សារ​ទូទាំង​ពិភពលោក​ក៏​មាន​ការ​កំណើន​ដោយសារ​រឿង​​នេះ ។ តែ​ពេល​នេះ អាមេរិក​ស្រាប់​តែ​ប្រកាសពី​កាលបរិច្ឆេទ​នៃ​ការ​អនុវត្ត​ការ​ដំឡើង​ពន្ធគយ​ទៅ​លើ​ផលិតផល​ចិន​ក្នុង​តម្លៃ ២ សែន​លាន​ដុល្លារ​អាមេរិក ក្នុង​គោល​បំណង​បន្ត​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​ប្រទេស​ចិន​ទៅ​វិញ​ ដើម្បី​ទទួល​បាន​តម្លៃ​កាន់​តែ​ខ្ពស់ ។ ទាក់​ទិន​នឹង​រឿង​​នេះ ប្រទេស​ចិន​បាន​គូស​បញ្ជាក់​ថា ការ​ដែល​អាមេរិក​ទទូច​ដំឡើង​ពន្ធគយ​ ធ្វើ​ឲ្យ​ការ​ពិគ្រោះ​ពិភាក្សា​ទ្វេភាគី​មាន​ភាព​មិន​ប្រាកដ​ប្រជា​ថ្មី​ សង្ឃឹម​ថា​អាមេរិក​អាច​យល់​ដឹង​ពី​ផល​វិបាក​នៃ​​ទង្វើ​របស់​ខ្លួន​ ព្រម​និង​ចាត់​វិធានការ​ដែល​អាច​ទុក​ចិត្ត​បាន​ ក៏​ដូច​ជា​កែ​តម្រូវ​កំហុស​របស់​ខ្លួន​ឲ្យ​បាន​ទាន់​ពេល​វេលា ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស