孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង អគ្គលេខាធិការបក្សកុម្មុយនិស្តចិនជួបពិភាក្សាការងារជាមួយលោក Kim Jong Un ប្រធានបក្សពលករកូរ៉េខាងជើង

2018-03-28 15:30:26 cri

图片默认标题_fororder_金正恩

图片默认标题_fororder_金正恩2

图片默认标题_fororder_金正恩3

图片默认标题_fororder_金正恩4

 តបតាម​សេចក្តីអញ្ជើញ​របស់​លោក ​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និងជា​ប្រធានរដ្ឋចិន​ លោក​ Kim ​Jong ​Un​ ប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង​និងជា​ប្រធាន​គណៈកម្មាធិការកិច្ចការ​រដ្ឋនៃ​កូរ៉េខាងជើង​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្រៅផ្លូវការ​នៅ​ប្រទេសចិន​ពីថ្ងៃទី២៥​ដល់​ថ្ងៃទី២៨​ខែមីនាឆ្នាំ២០១៨ ។

ក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសចិន​ លោក ​Kim ​Jong ​Un​ បាន​ចូល​ជួបសម្តែង​ការគួរសម​និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ​ស៊ីជីនភីង​​នៅ​វិមានសភា​ប្រជាជន​ ។ ​លោក ​ស៊ីជីនភីង ​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និង​លោកជំទាវ​ ផឹងលីយាន់​ ជាភរិយា​បាន​រៀបចំ​​ពិធីជប់លៀង​ដើម្បី​ស្វាគមន៍​ដំណើរ​របស់​លោក Kim ​Jong ​Un​ ប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង​និង​លោកជំទាវ ​Ri​ Sol Ju​ ជាភរិយា​ព្រមទាំង​រួមគ្នា​ទស្សនា​ការសម្តែង​សិល្បៈ​ផងដែរ ។

លោក​ Li ​Keqiangសមាជិក​​គណៈអចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​និងជា​នាយករដ្ឋមន្ត្រីចិន​ លោក ​Wang ​Huning ​សមាជិក​​គណៈអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​និងជា​លេខាធិការនៃ​លេខាធិការដ្ឋាន​មជ្ឈិមចិន ​ព្រមនិង​លោក ​Wang​ Qishan ​អនុប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​សកម្មភាព​​ពាក់ព័ន្ធ​ដោយឡែក​ពីគ្នា ។

    ក្នុង​កិច្ច​ជំនួប​​ លោក​ ស៊ីជីនភីង ​បាន​តាងនាម​ឲ្យ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​សំដែង​ការស្វាគមន៍​យ៉ាង​​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេសចិន​ជាលើកដំបូង​របស់​លោក Kim ​Jong ​Un​ ។​ លោក​ស៊ីជីនភីង​ថ្លែងថា ​លោកបាន​ផ្ញើសារ​ជូនពរ​ចំពោះ​ខ្ញុំ​ដែល​ត្រូវ​បាន​ជ្រើសតាំង​ជាអគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​ជាថ្មី​ទៀត​បន្ទាប់ពី​សមាជ​បក្សកុម្មុយនិស្តចិន​លើកទី១៩​ ហើយ​ប៉ុន្មានថ្ងៃមុន ​លោក​ក៏បាន​ផ្ញើសារ​ភ្លាមៗ​ដើម្បី​ជូនពរ​ចំពោះ​ខ្ញុំ​ដែល​ត្រូវបាន​ជ្រើសតាំង​ជាប្រធានរដ្ឋចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធាមជ្ឈិមចិន​ជាថ្មី​ទៀត​ ខ្ញុំសូម​ថ្លែង​អំណរគុណ​ចំពោះ​រឿង​នេះ ​។ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេសចិន​លើកនេះ ​គឺធ្វើឡើង​ក្រោម​កាលៈទេសៈ​ពិសេស​និងមាន​សារសំខាន់​ណាស់​ ដែល​បង្ហាញ​យ៉ាង​ពេញលេញនូវ​ការយកចិត្តទុកដាក់​​ខ្ពស់​របស់​លោក​​ប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង​និង​មជ្ឈិមបក្ស​ពលករ​កូរ៉េខាងជើង​ចំពោះ​ទំនាក់ទំនង​រវាង​បក្ស​​និង​ប្រទេស​ទាំងពីរ​ចិននិង​កូរ៉េខាងជើង ​ខ្ញុំសូម​វាយតម្លៃ​ខ្ពស់​ចំពោះ​រឿង​នេះ ។

 

    លោក ​Kim ​Jong ​Un​ ថ្លែងថា​ ថ្មីៗ​កន្លងទៅនេះ​ ប្រទេសចិន​មាន​ព្រឹត្តិការណ៍ធំៗ​និង​រឿង​គួរឲ្យ​សប្បាយ​រីករាយ​ជាច្រើន កាលពី​ឆ្នាំទៅ បក្សកុម្មុយនិស្តចិន​បាន​រៀបចំ​សមាជ​បក្សកុម្មុយនិស្តចិន​លើកទី ១៩ ​ដោយ​ជោគជ័យ​ កាលពី​ពេលថ្មីៗ​កន្លងទៅ​ក៏បាន​រៀបចំ​មហាសន្និបាត​នៃសភា​ទាំងពីរ​ដោយ​ជោគជ័យ​ទៀត ​លោកស៊ីជីនភីង​ទទួលបាន​ការគោរព​ស្រឡាញ់​ពី​សំណាក់ប្រជាជន​បក្ស​និង​រដ្ឋ​ទាំងមូល​ ក្លាយជា​ប្រមុខស្នូល​នៃថ្នាក់​ដឹកនាំ ​ហើយ​ក៏បាន​ត្រូវ​ជ្រើសតាំងជា​ប្រធានរដ្ឋ ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​ជាថ្មីទៀត​ អនុលោមតាម​ប្រពៃណី​ដ៏មាន​មេត្រីភាព​រវាង​កូរ៉េខាងជើង​និងចិន ​ខ្ញុំគួរតែ​មកប្រទេសចិន​ដើម្បី​សំដែង​ការជូនពរ​ចំពោះ​លោក​ដោយផ្ទាល់ ។ ​បច្ចុប្បន្ន ​ស្ថានការណ៍​ឧបទ្វីបកូរ៉េ​បាន​វិវឌ្ឍ​រីកចម្រើន​យ៉ាងលឿន​ មាន​ការប្រែប្រួល​សំខាន់ៗ​ជាច្រើន​ ហេតុនេះ​មិនថា​និយាយពី​មនោសញ្ចេតនា​ឬ​សីលធម៌​នោះទេ​ ក៏ខ្ញុំ​គួរតែ​មកផ្តល់​ដំណឹង​ផ្ទាល់​និង​ទាន់ពេលវេលា​អំពី​សភាពការណ៍​ពាក់ព័ន្ធ​ចំពោះ​លោក​អគ្គលេខាធិការ​បក្ស​ស៊ីជីនភីង​ផងដែរ ។

    លោក​ស៊ីជីនភីង​ថ្លែងថា ​មិត្តភាព​ប្រពៃណី​រវាង​ចិននិង​កូរ៉េខាងជើង​គឺ​ពូនជ្រំឡើង​និង​បណ្តុះបណ្តាល​ដោយ​យកចិត្តទុកដាក់​ពីសំណាក់​ថ្នាក់ដឹកនាំ​ជំនាន់មុនៗ​រវាងបក្ស​និង​រដ្ឋ​ទាំងពីរ ​ជា​ទ្រព្យសម្បត្តិរួម​ដ៏មានតម្លៃ​របស់​ភាគី​ទាំងពីរ ។​ រំលឹក​ឡើងវិញ​ពីអតីតកាល​ ថ្នាក់ដឹកនាំ​ជំនាន់មុនៗ​របស់យើង​មានឧត្តមគតិ​និង​ជំនឿចិត្ត​ដូចគ្នា​ព្រមនិងមិត្តភាព​បដិវត្តន៍​ដ៏ជ្រាលជ្រៅ ​ជឿទុកចិត្តគ្នា ​គាំទ្រគ្នា​ទៅវិញទៅមក​ បានចារជាទំព័រ​ដ៏ល្អបវរ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​អន្តរជាតិ ។ ​ជានិច្ចកាល​ ថ្នាក់ដឹកនាំ​ប៉ុន្មានជំនាន់​នៃប្រទេស​ចិននិង​កូរ៉េខាងជើង​តែងតែបាន​រក្សា​ការប្រាស្រ័យ​ទាក់ទងគ្នា​យ៉ាងជិតស្និទ្ធ​ដូចជា​ញាតិសន្តាន​ ។ ក្នុងការ​អនុវត្ត​ជាក់ស្តែង​អស់រយៈពេល​ជាយូរមក​ បក្ស​និងរដ្ឋ​នៃប្រទេស​ទាំងពីរ​ចិននិង​កូរ៉េ​ខាងជើង​បាន​គាំទ្រគ្នា​និង​សហការគ្នា​ទៅវិញ​ទៅមក បានរួមចំណែក​សំខាន់​ក្នុង​ការអភិវឌ្ឍ​បុព្វហេតុ​សង្គមនិយម ​។ ខ្ញុំ​និង​លោក​ប្រធានបក្ស​ Kim ​Jong ​Un​ សុទ្ធតែជា​អ្នកឆ្លងកាត់​ផ្ទាល់​និង​ជាសាក្ខីកម្ម​នៃការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិននិង​កូរ៉េខាងជើង ​។ ភាគីយើង​ទាំងពីរ​ធ្លាប់​បង្ហាញ​ជាច្រើនលើក​ហើយថា​ គួរតែ​បន្តឥត​ឈប់ឈរ​នូវ​មិត្តភាព​ប្រពៃណី​រវាងចិន​និងកូរ៉េខាងជើង​និង​ពង្រឹងនិង​ពង្រីកឲ្យ​កាន់តែ​ល្អប្រសើរ ។ ​នេះជា​ជម្រើស​យុទ្ធសាស្ត្រ​របស់​ភាគីទាំងពីរ​ដោយ​ឈរលើ​ប្រវត្តិសាស្ត្រ ​ការពិតជាក់ស្តែង​ និម្មាបនកម្ម​តំបន់និង​អន្តរជាតិ​ព្រមនិង​ស្ថានការណ៍​ទូទៅ​នៃទំនាក់ទំនង​រវាង​ចិននិង​កូរ៉េខាងជើង ​ហើយក៏ជា​ជម្រើស​ដ៏ត្រឹមត្រូវ​តែមួយគត់​ផងដែរ ​មិនគួរ​ឬ​មិនអាច​ប្រែប្រួល​ដោយសារតែ​រឿងអ្វីមួយ​ឬ​កាលៈទេសៈ​អ្វីមួយ​នោះឡើយ ។

 

    លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់​ទៀត​ថា​ ​បក្ស​និង​រដ្ឋាភិបាល​ចិន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទំនាក់ទំនង​សហប្រតិបត្តិការ​មេត្រីភាព​រវាង​ចិន​និង​កូរ៉េខាងជើង​​ការ​គាំពារ​ឲ្យ​បានល្អ​ ​ពង្រឹង​ឲ្យ​បាន​ល្អ​ និង​អភិវឌ្ឍ​ឲ្យ​បាន​ល្អ​នូវ​ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េខាងជើង​គឺ​ជា​គោលការណ៍ ​ណែនាំ​ដ៏​មុតមាំ​មិន​ងាករេ​របស់​បក្ស​និង​រដ្ឋាភិបាល​ចិន​។​យើង​ខ្ញុំ​រីករាយ​រួមសហការ​ជា​មួយ​មិត្ត​​កូរ៉េ​ខាងជើង​   ​មិន​បំភ្លេច​ក្តី​បំណង​ដើម​  ​ពួតដៃ​ឈាន​ទៅ​មុខ​ជា​មួយ​គ្នា​​ដើម្បី​រួម​ចំណែក​ថ្មី​សម្រាប់​ការ​ជំរុញ​ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េ​ខាង​ជើង​ឲ្យ​វិវឌ្ឍ​រីក​ចម្រើន​ដោយ​រឹងមាំ​ក្នុង​រយៈ​ពេល​យូរ​អង្វែង​ ក្នុងន័យ​ផ្តល់​សុភមង្គល​ជូន​ដល់​ប្រទេស​និង​ប្រជាជន​នៃ ​ប្រទេស​ទាំង​ពីរ​ ​  ក៏ដូច​ជា​រួម​ចំណែក​ថ្មី​សម្រាប់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​ផង​ដែរ​។​១​គឺ​បន្ត​ដើរ​តួនាទី​ណែនាំ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ជាន់​​ខ្ពស់​។​​ជា​និច្ចកាល​ការ​ប្រាស្រ័យទាក់ទង​ជាន់​ខ្ពស់​តែងតែ​បាន​ដើរ​តួនាទី​ណែនាំ​និង​ជំរុញ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និងកូរ៉េខាងជើង​។ ​ក្រោម​ស្ថានការណ៍​ថ្មី​​ ខ្ញុំ​រីករាយ​រក្សា​ការ​ប្រាស្រ័យ​ទាក់ទង​ជា​ញឹកញាប់​ជា​មួយ​លោក​ប្រធាន​បក្ស​តាម​រូបភាព​បំពេញ​ទស្សនកិច្ច​ទៅវិញទៅមក​  ​ចាត់​បញ្ជូន​បេសកជន​ទៅវិញទៅមក​ ​និង​ផ្ញើ​សារ​លិខិត​ទៅវិញ​ទៅមក​ជាដើម​។ ​ ទី​២​ប្រើប្រាស់​ឲ្យ​បាន​ពេញលេញ​នូវ​មធ្យោបាយ​ល្អ​ជា​ប្រពៃណី​សម្រាប់​ការ​ផ្លាស់ប្តូរ​មតិយោបល់​ជា​យុទ្ធសាស្រ្ត​  ​ពោល​គឺ​ការ​ផ្លាស់ប្តូរ​មតិ​យោបល់​អំពី​បញ្ហា​ធំនិង​សំខាន់​ជា​ញឹកញាប់​  ​វា​គឺជា​ប្រពៃណី​ដ៏​មាន​មោទនភាព​នៃ​បក្ស​ទាំង​ពីរ​ចិន​និង​កូរ៉េខាងជើង​។ គប្បីរ​ដើរ​តួនាទី​សំខាន់​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​បក្ស​និងបក្ស​ ​ជំរុញ​ការ​ផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​ ​បង្កើន​ការ​ផ្លាស់ប្តូរ​និង​កសាង​ទំនុក​ចិត្ត​លើ​គ្នា​។ ​ទី​៣​គឺ​ជំរុញ​យ៉ាង​សកម្ម​នូវ​ការ​អភិវឌ្ឍ​ដោយ​សន្តិភាព​។ ​បច្ចុប្បន្ន​នេះ​ ​សង្គម​និយម​ដែល​ប្រកប​ដោយ​លក្ខណៈពិសេស​នៃ​ប្រទេស​ចិន​បាន​ឈាន​ចូល​យុគសម័យ​ថ្មី​ហើយ​ ​ហើយ​កិច្ចកសាង​សង្គម​និយម​របស់​កូរ៉េខាងជើង​ក៏​បាន​ឈាន​ចូល​ដំណាក់កាល​ថ្មី​នៃ ប្រវត្តិសាស្ត្រ​ផង​ដែរ​។​ ​យើង​ខ្ញុំ​រីករាយ​រួមសហការ​ជាមួយ​ភាគី​កូរ៉េខាងជើង​  ​ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រេង​ជាមួយ​គ្នា​ ​សម្រប​ទៅ​នឹង​ចន្ត​នៃ​យុគសម័យ​ ​ជ្រោង​ទង់​សន្តិភាព​  វឌ្ឍនភាព​  កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​ បង្កើន​សេចក្តី​សុខសុភមង្គល​ជូន​ដល់​ប្រជាជន​នៃ ប្រទេស​ទាំង​ពីរ​ឥត​ឈប់ឈរ​ ​ដើម្បី​រួម​វិភាគទាន​ជា​វិជ្ជមាន​សម្រាប់​សន្តិភាព​ ​ស្ថិរភាព​និង​វឌ្ឍនភាព​ក្នុង​តំបន់​។​ ​ទី​៤​គឺ​ពង្រឹង​មូលដ្ឋាន​នៃ​ក្តី​បំណង​ប្រជាជន​ស្តីពី​ចំណង​មិត្តភាព​រវាង​ចិន​និងកូរ៉េ​ខាង​ជើង​។ ភាគី​ទាំង​ពីរ​គួរតែ​ឆ្លង​តាម​គ្រប់ទម្រង់​ដើម្បី​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ​ពង្រឹង​មូលដ្ឋាន​ខាង​ក្តី​បំណង​ប្រជាជន​ស្តីពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ជាពិសេស​គឺ​បង្កើន​ការ​ផ្លាស់ប្តូរ​រវាង​យុវជន​នៃ​ប្រទេស​ទាំង​ពីរ​ ​ក្នុងន័យ​ទទួល​បន្តវេន​និង​ពង្រីក​ប្រពៃណី​ដ៏​ល្អ​ប្រសើរ​នៃ​ចំណង​មិត្តភាព​រវាង​ចិន​និង​កូរ៉េ​ខាងជើង​។

      ជា​ការ​ឆ្លើយ​តប​ ​លោក ​Kim Jong Un​បាន​ថ្លែង​ថា​ ​លោក​អគ្គលេខាធិការ​បក្ស​ស៊ីជីនភីង​លើក​ពី​មតិយោបល់​ដ៏​សំខាន់​អំពី​ចំណង​មិត្តភាព​រវាង​កូរ៉េខាងជើង​និង​ចិន​  ​ព្រម​និង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​បក្ស​និង​ប្រទេស​ទាំង​ពីរ​រវាង​កូរ៉េខាងជើង​និង​ចិន​ ​បាន​ញ៉ាំង​ឲ្យ​ខ្ញុំ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​និង​ការ​បំផុស​គំនិត​យ៉ាងខ្លាំង​។​ ​ចំណង​មិត្តភាព​រវាង​កូរ៉េខាងជើង​និង​ចិន​ដែល​បង្កើត​ឡើង​ដោយ​ផ្ទាល់​ដៃ​រវាង​ថ្នាក់ដឹកនាំ​ជំនាន់​ចាស់​នៃ​ភាគី​ទាំង​ពីរ​​គឺ​មិនអាច​ធ្វើ​ឲ្យ​រង្គោះរង្គើ​បាន​ទេ​។ ​ការ​បន្តវេន​និង​អភិវឌ្ឍ​ចំណង​មិត្តភាព​រវាង​កូរ៉េខាងជើង​និង​ចិន​ក្រោម​ស្ថានការណ៍ ថ្មី​គឺជា​ជម្រើស​ជា​យុទ្ធសាស្រ្ត​របស់​ភាគី​កូរ៉េខាងជើង​ដែល​មិន​កែប្រែឡើយ​ទោះ​ក្រោម​ស្ថានការណ៍​បែប​ណា​ក៏​ដោយ​។​  ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​លើក​នេះ​គឺ​ដើម្បី​ជួប​ជាមួយ​មិត្ត​ចិន​ផ្ទាល់​ក្នុង​ន័យ​បង្កើន​ការ​ផ្លាស់ប្តូរ​ជា​យុទ្ធសាស្រ្ត​ ​និង​បង្កើន​ចំណង​មិត្តភាព​ប្រពៃនី​។ ​រំពឹងថា​តទៅថ្ងៃ​មុខ​នឹង​មាន​ពេល​ជួប​ពិភាក្សា​ជា​មួយ​លោក​អគ្គលេខាធិការ​ឲ្យ​បាន​ច្រើន​ ​ហើយ​រក្សា​ការ​ប្រាស្រ័យ​ដ៏​ជិតស្និទ្ធ​តាម​រូបភាព​ចាត់​បញ្ជូន​បេសកជន​ទៅវិញទៅមក​ ​និងផ្ញើ​សារលិខិត​ដែល​សរសេរ​ផ្ទាល់ដៃ​ជាដើម​ ​ដើម្បី​ជមរុញ​ឲ្យ​កិច្ច​ជំនួប​ជាន់​ខ្ពស់​ក្លាយ​ជា​ការ​ណែនាំ​ឲ្យ​ទំនាក់ទំនង​រវាង​បក្ស​និង​រដ្ឋាភិបាល​ទាំង​ពីរ​មានការ​អភិវឌ្ឍ​ដល់​កម្រិត​ថ្មី​ថែម​ទៀត​៕

       ភាគី​ទាំងពីរ​បាន​ផ្តល់ជូន​ព័ត៌មាន​ទៅវិញ​ទៅមក​ស្តីពី​​សភាពការណ៍​ក្នុង​ប្រទេស​រៀងៗខ្លួន។ ​លោក ស៊ី ជីនភីង ​បាន​ថ្លែង​ថា ​សមាជ​បក្ស​កុម្មុនិយស្ត​ចិន​លើក​ទី ១៩ ​បាន​កំណត់​ពី​ផែនទី​បង្ហាញ​ផ្លូវ​​ដ៏​មហិមា​សម្រាប់ការកសាង​​ប្រទេស​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​របស់​ចិន​ដ៏​​ខ្លាំងក្លា​និង​ទំនើប​ដោយ​គ្រប់ជ្រុងជ្រោយ​​ ​ពោលគឺ​នឹង​សម្រេច​ការកសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​រស់នៅ​ធូរធារ​បង្គួរ​ដោយគ្រប់ជ្រុងជ្រោយ​នៅ​ឆ្នាំ ២០២០  ​,  ដល់ឆ្នាំ ២០៣៥ ​នឹងសម្រេច​ជា​មូលដ្ឋាន​នូវ​​ការកសាង​​សង្គមនិយម​ទំនើប​ ​ហើយ​ដល់​ពាក់កណ្តាល​សតវត្សរ៍​ទី ២១ នេះ ​នឹង​កសាង​ប្រទេស​ចិន​ឲ្យ​ទៅ​ជា​ប្រទេស​សង្គមនិយម​ដ៏​ខ្លាំងក្លា​និង​ទំនើប ​ដែល​ប្រកប​ដោយ​ភាពសម្បូរ​សប្បាយ ​ប្រជាធិបតេយ្យ​ ​អរិយធម៌ ​ភាពចុះសម្រុងគ្នា ​និង​ស្រស់ស្អាត។ ​បក្ស​កុម្មុយនិស្ត​ចិន​នឹង​ដឹកនាំ​ប្រជាជន​គ្រប់​ជនជាតិ​ទូទាំង​ប្រទេស​ឲ្យ​ធ្វើ​ការខិតខំ​តស៊ូ​ឈានទៅមុខ​តទៅទៀត ​សកម្ម​នឹង​ការងារ​ ​បន្ត​​​​តស៊ូ​​ពុះពារ​ដើម្បី​​សម្រេច​​សុបិនចិន​​ស្តីពី​ការស្តារឡើងវិញ​នូវ​ភាពរុងរឿង​ដ៏​មហិមា​របស់​ជនជាតិ​ចិន​។​ ​យើង​ខ្ញុំ​បាន​​កត់​សម្គាល់​ថា​  ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ  ​លោក​​ប្រធាន​គណៈកម្មាធិការ​បក្ស​​​បាន​ដឹកនាំ​បក្ស​និង​ប្រជាជន​កូរ៉េ​ខាង​ជើង​ ដោយ​ចាត់​​វិធានការ​វិជ្ជមាន​មួយ​ចំនួន​ក្នុង​វិស័យ​ដូចជា​អភិវឌ្ឍ​​សេដ្ឋកិច្ច ​កែលម្អ​ជីវភាពរស់​នៅ​របស់​ប្រជាជន​ ​ដែល​ទទួល​បាន​សមិទ្ធផល​ជាច្រើន​។  ​យើងខ្ញុំ​សង្ឃឹម​កូរ៉េ​ខាង​ជើង​មាន​ស្ថិរភាព​នយោបាយ​ ​សេដ្ឋកិច្ច​ទទួល​បាន​​ការវិវឌ្ឍ​រីក​ចម្រើន ​ហើយ​ប្រជាជន​មាន​សុភមង្គល ​​គាំទ្រ​បក្ស​ពលករ​កូរ៉េ​ខាង​ជើង​ដែល​មាន​លោកប្រធាន​គណៈកម្មាធិការ​នៃ​មជ្ឈិម​បក្ស​ជា​ប្រមុខ​ដឹកនាំ​ ​​បន្ត​ដឹកនាំ​ប្រជាជន​កូរ៉េ​ខាង​ជើង​ឲ្យ​ឈានទៅមុខ​តាម​ផ្លូវ​សង្គមនិយម​ ​​​គាំទ្រ​ការខិតខំ​ប្រឹងប្រែង​ដ៏​សកម្ម​របស់​មិត្ត​កូរ៉េ​ខាង​ជើង​ ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​កែលម្អ​ជីវភាពរស់នៅ​របស់​ប្រជាជន​​កូរ៉េ​ខាង​ជើង​។

       ជា​ការឆ្លើយ​តប  ​លោក Kim ​Jong ​Un ​បាន​ថ្លែង​ថា  ​តាំងពី​ការបើកធ្វើ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៨ ​​មក  ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែល​មាន​លោក ស៊ី ជីនភីង ​ជា​​ប្រមុខ​ស្នូល​បាន​បង្ហាញ​នូវ​សេចក្តី​អង់អាច​ក្លាហាន​ផ្នែក​នយោបាយ​ដ៏​ធំសម្បើម​និង​មាន​ឥរិយាបថ​ទទួល​ខុសត្រូវ​​ខ្ពស់  ​បាន​លើកឡើង​គំនិត​​និង​​ទស្សរៈ​ថ្មី​ៗ​ និង​​អនុវត្ត​ជាក់ស្តែង​  ​ដែល​បាន​ដោះស្រាយ​ឧបសគ្គ​និង​រឿង​ធំៗ​ជា​ច្រើន​ដែល​ពិបាក​​​ដោះស្រាយ​​​ក្នុង​ពេល​ជា​យូរ​មក  ​ដែល​នេះ​បាន​បង្ហាញ​​យ៉ាង​ពេញលេញ​ថា  ​មាគ៌ា​របស់​បក្ស​កុម្មុយនិស្ត​ចិន​គឺ​ជា​​មាគ៌ា​ដ៏​ត្រឹមត្រូវ​ដែល​សមស្រប​នឹង​សភាពការណ៍​ជាតិ​របស់​ចិន​ ​ ជាពិសេស  លោក​អគ្គលេខាធិការ​បាន​លើកឡើង​ថា​ ​បក្ស​ត្រូវ​គ្រប់គ្រង​បក្ស ​ត្រូវធ្វើ​ការគ្រប់គ្រង​បក្ស​ដោយ​តឹងរ៉ឹងនិង​​គ្រប់​ជ្រុងជ្រោយ​​ ​ដែល​ប្រការ​នេះ​បាន​បង្កើន​យ៉ាង​ខ្លាំង​ដល់​កិច្ចកសាង​បក្ស​ ​ក៏ដូចជា​បាន​សម្រេច​នូវ​ការដឹកនាំ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ចំពោះ​ការងារ​លើ​គ្រប់​វិស័យ​របស់​បក្ស​ផង​ដែរ​។ ​​បច្ចុប្បន្ន​នេះ  ​​បក្ស​ពលករ​យើង​ក៏​កំពុង​បង្កើន​កម្លាំង​ធ្វើ​ការតស៊ូ​ប្រយុទ្ធ​ជាមួយនឹង​​ទង្វើ​ក្អេង​ក្អាង​ដោយ​សារ​​អំណាច​​ ​ការិល័យនិយម​ ​និង​អំពើ​ពុករលួយ​ផង​ដែរ​​។​ ​​សូម​ជូន​ពរ​ដោយ​ស្មោះ​​ដល់​ប្រទេស​ចិន​ ​ឲ្យ​បន្ត​ទទួល​បាន​សមិទ្ធផល​ដ៏​​មហិមា​​ឥត​ឈប់ឈរ​ ក្នុង​ដំណើរ​​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​​​បង្គួរ​ថ្មី​ៗ​ដោយ​គ្រប់ជ្រុងជ្រោយ​ ​និង​ការកសាង​ប្រទេស​​សង្គមនិយម​ដ៏​ខ្លាំងក្លា​និង​ទំនើប​។

    ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​មតិ​យោបល់​យ៉ាង​ស៊ីជម្រៅ​ចំពោះ​បញ្ហា​អន្តរជាតិ​និង​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ។​

    លោក​ស៊ីជីនភីង​បាន​ថែ្លង​ថា​ ចាប់​ពី​ចូល​ឆ្នាំនេះ​ ស្ថានការណ៍​នៅឧបទ្វីប​កូរ៉េ​បាន​កើតមាន​ការ​ប្រែប្រួល​ជា​វិជ្ជមាន។​កូរ៉េ​ខាងជើង​បាន​ធ្វើ​ខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់​ចំពោះ​រឿង​នេះ​ យើងខ្ញុំ​សូម​សំដែង​ការ​កោត​សរសើរ​ដល់​កូរ៉េ​ខាងជើង។​ទាក់ទិន​នឹង​បញ្ហា​ឧបទ្វីប​កូរ៉េ​ប្រទេសចិន​បាន​ប្រកាន់​ខ្ជាប់​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ ធានា​គាំពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​ព្រមនិង​ដោះ​ស្រាយ​បញ្ហា​តាម​រយៈ​កិច្ចពិគ្រោះ​ពិភាក្សា។​ប្រទេស​ចិន​សូម​អំពាវនាវ​ឲ្យ​ភាគី​នានា​គាំទ្រ​ដល់​ភាគី​ខាងជើង​និង​ខាងត្បូង​នៃ​ឧបទ្វីប​កូរ៉េ​ដើម្បី​កែលម្អ​ទំនាក់​ទំនង​រវាង​ភាគី​ទាំងពីរ​និង​រួមគ្នា​ធ្វើ​ការខិតខំ​ប្រឹងប្រែង​ជាក់ស្តែង​ដើម្បី​ជួយ​ជំរុញ​ឲ្យមាន​កិច្ចចរចា​ដោយ​សន្តិវិធី។​ប្រទេស​ចិន​រីករាយ​ក្នុង​ការ​ដើរ​តួនាទី​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​នៅលើ​បញ្ហា​ឧបទ្វីប​កូរ៉េ​ជា​បន្ត​ទៀត​និង​រួមសហការ​ជាមួយ​ភាគី​នានា ​បូករួមទាំង​ភាគី​កូរ៉េ​ខាងជើង​ផង​ដើម្បី​រួមគ្នា​ជំរុញ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ឲ្យ​ឈាន​ទៅ​រក​ភាពធូរស្រាល។​

លោក ​Kim​ Jong​ Un​ បាន​ថែ្លងថា​ ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ចាប់​ផ្តើម​វិវឌ្ឍ​ទៅ​តាម​ទិសដៅ​ដ៏​ល្អប្រសើរ​ហើយ។​ភាគី​កូរ៉េ​ខាងជើង​បាន​ចាត់​វិធានការ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​និង​លើក​សំណើរ​ធ្វើការចរចា​សន្តិភាព។​អនុលោម​តាម​ពាក្យបណ្តាំ​របស់​លោក​ប្រធានរដ្ឋ ​Kim Il Sung ​និង​លោក​អគ្គលេខាធិការ ​Kim​ Jong ​Il ​ភាគី​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​បាន​នូវ​ការ​គ្មាន​អាវុធ​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ដែល​ឥត​កែប្រែ​ជានិច្ច។​កូរ៉េ​ខាង​ជើង​ប្តេជ្ញា​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​កូរ៉េ​ខាងជើង​និង​កូរ៉េ​ខាងត្បូង​ប្រែទៅ​ជា​ទំនាក់ទំនង​សហប្រតិបត្តិការ​និង​ផ្សះផ្សា​គ្នា ​ដូចជា​ការ​រៀបចំ​កិច្ចជំនួបសន្ទនា​នៃ​ប្រមុខ​រដ្ឋ​រវាង​កូរ៉េ​ខាងជើង​និង​កូរ៉េ​ខាង​ត្បូង​ព្រមទាំង​រីករាយក្នុងការ​ធ្វើ​កិច្ចសន្ទនា​ជាមួយ​ភាគី​សហរដ្ឋអាមេរិក​ ហើយ​នឹង​រៀបចំ​កិច្ចជំនួបសន្ទនា​នៃ​ប្រមុខរដ្ឋ​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក​ទៀតផង។​ប្រសិនបើ​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​នឹង​ឆ្លើយ​តប​ដោយ​សុទ្ធចិត្ត​ចំពោះ​កិច្ចប្រឹងប្រែង​របស់​ភាគី​កូរ៉េ​ខាងជើង​ ដោយ​បង្ក​បង្កើត​នូវ​បរិយាកាស​សន្តិភាព​និង​ស្ថិរភាព​ព្រមនិង​ចាត់វិធានការ​ជា​ដំណាក់កាល​និង​ដើរ​ស្របគ្នា​ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​ នោះ​បញ្ហា​គ្មាន​អាវុធ​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​នឹង​អាច​ត្រូវ​បាន​ដោះស្រាយ​ហើយ។​នៅ​ក្នុង​ដំណើរ​នេះ​ ភាគី​កូរ៉េ​ខាងជើង​រំពឹងថា​ នឹង​អាច​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​យុទ្ធសាស្រ្ត​ជាមួយ​ភាគីចិន​ដើម្បី​រួមគ្នា​គាំពារ​និន្នាការ​នៃ​ការ​ពិគ្រោះ​ពិភាក្សា ​ក៏​ដូចជា​សន្តិភាព​និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ។

      មុន​ពេល​កិច្ច​ជំនួប​ ​លោក​ស៊ីជីនភីង​បាន​រៀបចំ​ពិធី​បដិសណ្ឋារកិច្ច​ចំពោះ​លោក Kim​ Jong​ Un​ នៅ​សាល​ខាងជើង​នៃ​វិមានសភា​ប្រជាជន​។

     បន្ទាប់​ពី​កិច្ច​ជំនួប​ ​លោក​ស៊ីជីនភីង​និង​លោក​ស្រីPeng​ Liyuanជា​ភរិយា​បាន​រៀបចំ​ពិធី​ជប់​ដំណើរ​របស់​លោក Kim​ Jong​ Un​ និង​លោក​ស្រីRiSolJuជា​ភរិយា​។​ថ្លែង​ក្នុង​សុន្ទរកថា​ស្វាគមន៍ ​លោក​ស៊ីជីនភីង​បាន​លើកឡើង​ថា ​​លោក ​Kim​ Jong​ Un​ និង​លោក​ស្រីRiSolJuមក​បំពេញ​ទស្សនកិច្ច​ក្រៅ​ផ្លូវ​ការ​នៅ​ប្រទេស​ចិន ​គឺ​ជា​រឿង​ដែល​មាន​អត្ថន័យ​សំខាន់​ក្រៃ​លែង​សម្រាប់​ការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ភាគី​ទាំងពីរ​ក៏​ដូច​ជា​បង្កើន​និង​ជំរុញ​កិច្ច​សម្របសម្រួល​និង​កិច្ច​សហប្រតិបត្តិការ​គ្នា។​ព្រម​ពេល​ជា​មួយ​គ្នា ​ក៏​ជំរុញ​ទំនាក់​ទំនង​រវាង​បក្ស​និង​ប្រទេស​ទាំង​ពីរ​ឲ្យ​បោះ​ជំហាន​ថ្មី​មួយ​ទៀត​តៅ​កាន់​យុគសម័យ​ថ្មី​នៃ​ប្រវត្តិសាស្រ្ត​និង​រួម​ចំណែក​សំខាន់​ដល់​ការ​ជំរុញ​សន្តិភាព​ ស្ថិរភាព​និង​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ។​អម្បាញ់មិញ​នេះ​ខ្ញុំ​ទើប​បាន​ធ្វើ​កិច្ច​សន្ទនា​ដ៏​ស្មោះ​ត្រង់​និង​ប្រកប​ដោយ​មេត្រីភាព​ជា​មួយ​លោក ​Kim​ Jong​ Un​​។យើង​បាន​ឯកភាព​គ្នា​ថា ​ការ​បន្ត​វេន​និង​ពង្រីក​ចំណង​មិត្តភាព​ប្រពៃណី​រវាង​ចិន​និង​កូរ៉េ​ខាង​ជើង​គឺ​វា​សមស្រប​ទៅនឹង​ផលប្រយោជន៍​របស់​ភាគី​ទាំង​ពីរ ​ហើយ​ក៏​ជា​ជម្រើស​ជា​យុទ្ធសាស្រ្ត​រួម​របស់​ភាគី​ទាំង​ពីរ​ផងដែរ។

     ពេល​ឡើង​ថ្លែង​សន្ទរកថា ​លោក ​Kim​ Jong​ Un​ បាន​លើក​ឡើង​ថា ​ក្រោម​បរិបទ​ដែល​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​មាន​ការ​ប្រែប្រួល​ដ៏​ធំ​សម្បើម ​ខ្ញុំ​បាន​ពាំនាំ​មក​នូវ​បំណង​ប្រាថ្នា​ដ៏​ល្អ​បវរ​ដែល​ចង់​ជំរុញ​ឲ្យ​ឧបទ្វីប​កូរ៉េ​មាន​សន្តិភាព​និង​ស្ថិរភាព ​បន្ត​វេន​និង​ពង្រីក​ចំណង​មិត្តភាព​រវាង​កូរ៉េ​ខាង​ជើង​និង​ចិន​ទើប​បាន​មក​ធ្វើ​ទស្សនកិច្ច​យ៉ាង​ឆាប់​រហ័ស​នៅ​ប្រទេស​ចិន។​ទស្សនកិច្ច​នៅ​បរទេស​ជា​លើក​ដំបូង​របស់​ខ្ញុំ​គឺ​មក​ដល់​ប្រទេស​ចិន​ ​ប្រការ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ក្តីបំណង​របស់​ខ្ញុំ​ដែល​ចង់​បន្ត​ផ្សាយ​ទូលាយ​មិត្ត​ភាព​ជា​ប្រពៃណី​រវាង​កូរ៉េ​ខាង​ជើង​និង​ចិន ​និង​រក្សា​តម្លៃ​លើ​មិត្តភាព​រវាង​កូរ៉​ខាង​ជើង​និង​ចិន។​ខ្ញុំ​បាន​ធ្វើ​កិច្ច​សន្ទនា​ប្រកប​ដោយ​ភាព​ជោគជ័យ​ជា​មួយ​និង​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ជុំវិញ​ទំនាក់​ទំនង​រវាង​បក្ស​និង​ប្រទេស​ទាំង​ពីរ​កូរ៉េ​ខាង​ជើង​និង​ចិន​ ​ស្ថានការណ៍​ក្នុង​ប្រទេស​រៀងៗ​ខ្លួន​និង​ការ​គាំពារ​សន្តិភាព​និង​ស្ថិរភាព​នៃ​ឧបទ្វីប​កូរ៉េ​ជា​ដើម។​ខ្ញុំ​ជឿជាក់​ថា​ ការ​ធ្វើ​កិច្ច​ជំនួប​ជា​លើក​ដំបូង​ជា​មួយ​និង​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ក្នុង​រដូវ​ផ្កា​រីក​ដែល​ប្រកប​ដោយ​ភាព​សប្បាយរីករាយ​និង​ក្តីសង្ឃឹម​នេះ​ ​វា​មុខ​ជា​នឹង​ទទួល​បាន​ផ្លែផ្កាមិត្តភាព​ដ៏​សម្បូរ​និង​ឈាន​ដល់​ការ​ជំរុញ​សន្តិភាព​និង​ស្ថិរភាព​នៃ​ឧបទ្វីប​កូរ៉េ​ជា​មិន​ខាន។

      ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ចរបស់​លោក ​Kim​ Jong​ Un​​ ​លោក​ស៊ីជីនភីង​និង​លោក​ស្រីPeng​ Liyuanជា​ភរិយា​បាន​រៀប​ចំ​ពិធី​ជប់លៀង​អាហារ​ថ្ងៃ​ត្រង់​សម្រាប់​លោក ​Kim​ Jong​ Un​ និង​លោក​ស្រីRiSolJuជា​ភរិយា​នៅ​ឯ​សណ្ឋាគារ​រដ្ឋ​DiaoYuTai។

     លោក Kim​ Jong​ Un​ ក៏​បាន​ទស្សនា​​ពិព័រណ៍​ស្តីពី​សមិទ្ធផល​ច្នៃប្រឌិត​ថ្មី​របស់​បណ្ឌិត្យ​សភា​វិទ្យាសាស្រ្ត​ចិន​បន្ទាប់​ពី​សមាជ​បក្ស​កុម្មុយនិស្តចិន​លើក​ទី​១៨​ដែល​មាន​ចំណង​ជើង​ថា ​ប្រតិបត្តិការ​នាំ​មុខ​ ​​តស៊ូ​ពុះពារ​ការ​លំបាក​។លោក​ Kim​ Jong​ Un​បាន​សំដែង​ការ​កោតសរសើរ​ចំពោះ​សមិទ្ធផល​ដែល​ប្រទេស​ចិន​ទទួល​បាន​ក្នុង​ផ្នែក​អភិវឌ្ឍ​វិទ្យាសាស្រ្ត​និង​បច្ចេកទេស​ក៏​ដូច​ជា​ការ​ច្នៃ​ប្រឌិត​ថ្មី ​ហើយ​បាន​ចារពាក្យ​ទុក​ជា​អនុស្សាវរីយ៍​បន្ទាប់​ពី​ការ​ទស្សនា​ទៀតផង។

    លោក​Ding​ Xue​ xiang​ សមាជិក​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្តចិន​ លេខាធិការ​នៃ​លេខាធិការដ្ឋាន​មជ្ឈិម​បក្ស​កុម្មុយ​និស្តចិន​និងជា​នាយ​ខុទ្ទកាល័យ​មជ្ឈិមចិន​ លោក ​Yang​ Jie​ chi​ សមាជិក​នៃ​ការិយាល័យនយោបាយ​នៃ​គណៈ​កម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​ លោក ​Guo​ Sheng​ kun ​សមាជិក​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​ លេខាធិការ​នៃ​លេខាធិការដ្ឋាន​មជ្ឈិម​បក្ស​កុម្មុយ​និស្តចិន​និងជា​លេខាធិការ​នៃ​គណៈកម្មាធិការ​នយោបាយ​និង​ច្បាប់​នៃ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​ លោក​ Huang​ Kun​ ming​ សមាជិក​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ លេខាធិការ​នៃ​លេខាធិការដ្ឋាន​មជ្ឈិមបក្ស​កុម្មុយ​និស្ត​ចិន​និងជា​រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិន​ លោក ​Cai​ Qi​ សមាជិក​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្តចិន​និងជា​លេខាធិការ​បក្ស​ប្រចាំ​នៅ​ក្រុង​ប៉េកាំង​ លោក ​Wang​ Yi ​សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋចិន​និងជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​ជាដើម​បាន​អញ្ជើញ​ចូលរួម​សកម្មភាព​លើក​នេះ។​

    លោក ​Choe​ Ryong​ Hae​ អនុប្រធាន​នៃ​គណៈកម្មាធិការ​បក្សពលករ​កូរ៉េ​ខាងជើង​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ចាត់តាំង​និង​ណែនាំ​នៃ​កូរ៉េ​ខាងជីង​ លោក ​Pak​ Kwang ​Ho ​អនុប្រធាន​នៃ​គណៈកម្មាធិការ​បក្ស​ពលករ​កូរ៉េ​ខាងជើង​និងជា​រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ​និង​លើក​ទឹក​ចិត្ត​នៃ​កូរ៉េ​ខាងជើង ​លោក​ Ri ​Su ​Yong​ អនុប្រធាន​នៃ​គណៈកម្មាធិការ​បក្សពលករ​កូរ៉េ​ខាង​ជើង​និងជា​រដ្ឋមន្រ្តី​ក្រសួង​អន្តរជាតិ​កូរ៉េ​ខាងជើង​ លោក​ Kim ​Yong ​Chol ​អនុប្រធាន​នៃ​គណៈកម្មាធិការ​បក្ស​ពលករ​កូរ៉េ​ខាងជើង​និងជា​រដ្ឋមន្រ្តី​ក្រសួង​រណសិរ្ស​បង្រួបបង្រួម​នៃ​កូរ៉េ​ខាងជើង​និង​លោក​ Ri ​Yong​ Ho​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង​ជាដើម​បាន​អម​ដំណើរ​ជាមួយ​លោក ​Kim​ Jong​ Un​ទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ព្រមទាំង​អញ្ជើញ​ចូល​រួម​សកម្មភាព​ពាក់ព័ន្ធ​ផងដែរ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស